Close

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ លោកឧបនាយករដ្ឋមន្ត្រី ស សុខា សម្រេចឱ្យផ្អាកផាកពិន័យបទល្មើសចរាចរណ៍មួយចំនួន ទុកតែ ២បទល្មើសបន្តអនុវត្ត

ដោយ៖គុជ ឥន្ទាវុធ | ថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ សង្គម
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ លោកឧបនាយករដ្ឋមន្ត្រី ស សុខា សម្រេចឱ្យផ្អាកផាកពិន័យបទល្មើសចរាចរណ៍មួយចំនួន ទុកតែ ២បទល្មើសបន្តអនុវត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ លោកឧបនាយករដ្ឋមន្ត្រី ស សុខា សម្រេចឱ្យផ្អាកផាកពិន័យបទល្មើសចរាចរណ៍មួយចំនួន ទុកតែ ២បទល្មើសបន្តអនុវត្ត

ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យកម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស ផ្អាកជាបណ្តោះអាសន្នការផាកពិន័យបទល្មើសចរាចរណ៍មួយចំនួននៅតាមដងផ្លូវ ដោយទុកតែបទល្មើសចំនួន ២ បន្តអនុវត្តការផាកពិន័យ។

តាមការបញ្ជាក់របស់លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្ទាប់ពីបានពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញ លោកអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យផ្អាកជាបណ្តោះអាសន្នការផាកពិន័យបទល្មើសចរាចរណ៍មួយចំនួន រួមទាំង ការបើកបរលើសល្បឿនកំណត់ ដែលជាបញ្ហាមួយតែងតែមានការលើកឡើង និងចែករំលែកនៅលើបណ្តាញសង្គម។

យ៉ាងណាក៏ដោយ បទល្មើសចំនួន ២ នៅតែបន្តអនុវត្តការផាកពិន័យ គឺ៖
– ការបើកបរបញ្ច្រាស់ទិសចរាចរណ៍
– ការរំលោភភ្លើងសញ្ញាចរាចរណ៍

លោក ទូច សុឃៈ បានបញ្ជាក់ថា ការផ្អាកការផាកពិន័យបទល្មើសមួយចំនួននេះ មិនមានន័យថា អាជ្ញាធរបណ្តែតបណ្តោយឱ្យអ្នកប្រើប្រាស់ផ្លូវធ្វើដំណើរដោយមិនគិតពីសុវត្ថិភាពនោះឡើយ។ ផ្ទុយទៅវិញ ថ្នាក់ដឹកនាំនៅតែជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គោរពច្បាប់ចរាចរណ៍ ប្រកាន់ខ្ជាប់សីលធម៌ក្នុងការបើកបរ ព្រមទាំងមានការយោគយល់ និងអធ្យាស្រ័យគ្នានៅលើដងផ្លូវ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ននៅតំបន់ដែលមានសកម្មភាពចរាចរណ៍មមាញឹក ទីប្រជុំជន ផ្សារ និងជាពិសេសនៅតាមមុខវត្តអារាមនានា ដោយត្រូវបន្ថយល្បឿន រង់ចាំជាជួរ និងរក្សាសណ្តាប់ធ្នាប់ ដើម្បីជៀសវាងការជ្រែឆ្វេង ឬជ្រែស្តាំ ដែលអាចបង្កឱ្យមានការកកស្ទះចរាចរណ៍។

លោក ទូច សុឃៈ បានរំលឹកបន្ថែមថា អ្នកបើកបរគួរគោរពគន្លងផ្លូវ និងទិសដៅចរាចរណ៍ មិនត្រូវចូលទៅក្នុងគន្លងដែលមានយានយន្តផ្សេងទៀតកំពុងធ្វើដំណើរមកពីមុខ និងត្រូវគោរពផ្លូវអាទិភាព ព្រមទាំងគោរពគ្នាទៅវិញទៅមកនៅលើដងផ្លូវ។

វិធានការណែនាំ និងការអំពាវនាវនេះ គឺដើម្បីចូលរួមរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាការកកស្ទះចរាចរណ៍ក្នុងអំឡុងពេលប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ស្រុកកំណើត និងវត្តអារាមនានា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ៕