Close

ឯកឧត្តម កែ គឹមយ៉ាន បញ្ជូនទូកសង្គ្រោះ ៤៥គ្រឿង ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅប៉ោយប៉ែត

ដោយ៖គុជ ឥន្ទាវុធ | ថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ សង្គម
ឯកឧត្តម កែ គឹមយ៉ាន បញ្ជូនទូកសង្គ្រោះ ៤៥គ្រឿង ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅប៉ោយប៉ែត ឯកឧត្តម កែ គឹមយ៉ាន បញ្ជូនទូកសង្គ្រោះ ៤៥គ្រឿង ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅប៉ោយប៉ែត

បន្ទាយមានជ័យ៖ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចាត់ចែងបញ្ជូនទូកសង្គ្រោះចំនួន ៤៥គ្រឿង ទៅកាន់ក្រុងប៉ោយប៉ែត ដើម្បីជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់។

ការបញ្ជូនទូកសង្គ្រោះនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងនោះរួមមាន ទូកធម្មតា ៣០គ្រឿង និងទូកពោងខ្យល់ ១៥គ្រឿង ដើម្បីត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋនៅតំបន់ដែលកំពុងរងផលប៉ះពាល់។ អាជ្ញាធរក្រុងប៉ោយប៉ែតបានឱ្យដឹងថា ស្ថានភាពទឹកតាមបណ្តោយមាត់អូរព្រំដែននៅតែបន្តកើនឡើងនៅតំបន់មួយចំនួន បើទោះបីតំបន់ខ្លះចាប់ផ្តើមស្រកចុះបន្តិចក៏ដោយ។

បច្ចុប្បន្ន កម្លាំងសង្គ្រោះកំពុងប្រើប្រាស់ទូកទាំងនេះ ដើម្បីដឹកជញ្ជូនស្បៀងអាហារ និងសម្ភារៈចាំបាច់ ព្រមទាំងជួយជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះទៅកាន់ ទីទួលសុវត្ថិភាពចំនួន ៤កន្លែង ដែលអាជ្ញាធរបានរៀបចំរួចជាស្រេច។

រដ្ឋបាលក្រុងប៉ោយប៉ែតក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់អូរព្រំដែន ឱ្យបន្តតាមដានស្ថានភាពទឹក និងការណែនាំរបស់អាជ្ញាធរ ព្រមទាំងត្រៀមខ្លួនជម្លៀសទៅកាន់ទីទួលសុវត្ថិភាពនៅពេលមានការណែនាំ ឬក្នុងករណីចាំបាច់។

ជាមួយគ្នានេះ ក្រុមការងារសង្គ្រោះនៅតែបន្តប្រចាំការ និងត្រៀមអន្តរាគមន៍ជាបន្តបន្ទាប់ ដើម្បីជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ព្រមទាំងកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីទឹកជំនន់៕

អត្ថបទទាក់ទង