Close

ក្រសួងអប់រំចាប់ផ្តើមផ្តល់វិញ្ញាបនបត្របណ្តោះអាសន្នដល់សិស្សប្រឡងបាក់ឌុបជាប់ដោយឥតគិតថ្លៃ

ដោយ៖គុជ ឥន្ទាវុធ | ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ សង្គម
ក្រសួងអប់រំចាប់ផ្តើមផ្តល់វិញ្ញាបនបត្របណ្តោះអាសន្នដល់សិស្សប្រឡងបាក់ឌុបជាប់ដោយឥតគិតថ្លៃ ក្រសួងអប់រំចាប់ផ្តើមផ្តល់វិញ្ញាបនបត្របណ្តោះអាសន្នដល់សិស្សប្រឡងបាក់ឌុបជាប់ដោយឥតគិតថ្លៃ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដាក់ឱ្យដំណើរការការផ្តល់វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ជូនដល់បេក្ខជនដែលបានប្រឡងជាប់ក្នុងសម័យប្រឡងកន្លងទៅ ដោយមិនតម្រូវឱ្យបង់ប្រាក់ឡើយ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា វិញ្ញាបនបត្របណ្តោះអាសន្នរបស់បេក្ខជនដែលបានប្រឡងជាប់ក្នុងសម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ត្រូវបានផលិតរួចរាល់ និងត្រៀមផ្តល់ជូនដោយឥតគិតថ្លៃ។

ក្រសួងបានបញ្ជាក់ថា ដោយយោងតាមលិខិតលេខ ៥៧៨៩ អយក.កប្រ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ត្រូវចាត់តាំងបុគ្គលិកអប់រំមកទទួលវិញ្ញាបនបត្របណ្តោះអាសន្ននៅសាលពហុបំណង នៃអគាររដ្ឋបាលក្រសួងអប់រំ ជាន់ទី៤ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ តទៅ ដោយភ្ជាប់ជាមួយលិខិតខ្នងស្នាមប្រើប្រាស់ថវិកាអង្គភាព។

ជាមួយគ្នានេះ ក្រសួងបានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ឱ្យរៀបចំកិច្ចប្រជុំណែនាំដល់មន្ត្រីជំនាញ ព្រមទាំងនាយក-នាយិកាគ្រឹះស្ថានមធ្យមសិក្សា ដើម្បីរៀបចំយន្តការ និងនីតិវិធីសម្រាប់ការផ្តល់វិញ្ញាបនបត្រជូនបេក្ខជនដែលបានប្រឡងជាប់ ឱ្យប្រព្រឹត្តទៅដោយមានសណ្តាប់ធ្នាប់ តម្លាភាព និងការទទួលខុសត្រូវខ្ពស់។
ក្រសួងក៏បានបញ្ជាក់ថា រាល់បញ្ហាដែលកើតមានពាក់ព័ន្ធនឹងដំណើរការផ្តល់វិញ្ញាបនបត្រនេះ គឺជាការទទួលខុសត្រូវរបស់មន្ទីរជំនាញពាក់ព័ន្ធដោយផ្ទាល់៕

អត្ថបទទាក់ទង