អានុទីន ប្រាប់កងទ័ពថៃឱ្យអត់ធ្មត់ កុំតបតជាមួយមីយ៉ាន់ម៉ា ខណៈគ្រាប់ផ្លោងធ្លាក់ចូលដីថៃ បង្កការខូចខាតផ្ទះសម្បែងពលរដ្ឋជាបន្តបន្ទាប់
អានុទីន ប្រាប់កងទ័ពថៃឱ្យអត់ធ្មត់ កុំតបតជាមួយមីយ៉ាន់ម៉ា ខណៈគ្រាប់ផ្លោងធ្លាក់ចូលដីថៃ បង្កការខូចខាតផ្ទះសម្បែងពលរដ្ឋជាបន្តបន្ទាប់
ប្រទេសថៃ៖ ខណៈស្ថានការណ៍តាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា កំពុងមានភាពតានតឹងខ្លាំង និងមានការរាយការណ៍ពីការធ្លាក់គ្រាប់ផ្លោងចូលទឹកដីថៃជាបន្តបន្ទាប់ ស្រាប់តែនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចេញមកណែនាំកងទ័ពរបស់ខ្លួនឱ្យរក្សាការអត់ធ្មត់ខ្ពស់បំផុត និងចៀសវាងការបាញ់តបតជាមួយកងកម្លាំងមីយ៉ាន់ម៉ា។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមន្ទីរពេទ្យ Nong Khai កាលពីរសៀលថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក អានុទីន បានឱ្យដឹងថា លោកបានណែនាំដល់អគ្គបញ្ជាការកងទ័ព និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងអស់ ឱ្យប្រឹងប្រែងចៀសវាងការប៉ះទង្គិច និងជម្លោះឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។
លោក អានុទីន បានលើកឡើងថា ការប្រយុទ្ធគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ា មិនមែនជាជម្លោះដែលពាក់ព័ន្ធនឹងប្រទេសថៃ ឬប្រជាជនថៃនោះទេ។
ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា ប្រទេសថៃនៅតែមានកាតព្វកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនឱ្យអស់ពីសមត្ថភាព។
ជាមួយគ្នានេះ លោក អានុទីន ក៏បានបង្ហាញការព្រួយបារម្ភរបស់រដ្ឋាភិបាលទីក្រុងបាងកកទៅកាន់ភាគីមីយ៉ាន់ម៉ា ព្រមទាំងព្រមានថា ការប្រយុទ្ធគ្នាខាងក្នុងប្រទេសមីយ៉ាន់ម៉ា មិនត្រូវរាលដាលប៉ះពាល់ដល់ទឹកដី និងប្រជាជនស៊ីវិលថៃជាដាច់ខាត។
យ៉ាងណាក៏ដោយ ជំហររបស់នាយករដ្ឋមន្ត្រីថៃរូបនេះ កំពុងចោទជាសំណួរថា តើការអំពាវនាវឱ្យអត់ធ្មត់ និងមិនបាញ់តបត អាចធានាសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែនបានកម្រិតណា ខណៈគ្រាប់ផ្លោងពីការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា ត្រូវបានរាយការណ៍ថា បានធ្លាក់ចូលទឹកដីថៃ និងបង្កការខូចខាតជាបន្តបន្ទាប់។
ជាក់ស្តែង តាមរបាយការណ៍របស់អាជ្ញាធរថៃ ផ្ទះសម្បែង និងសំណង់អគារចំនួន១៧ខ្នង បានរងការខូចខាត ដោយសារឥទ្ធិពលពីគ្រាប់ផ្លោង ដូចជាបែកកញ្ចក់ ខូចបង្អួច និងធ្លាក់ពិដានជាដើម។ លើសពីនេះ ប្រជាពលរដ្ឋមួយចំនួនក៏ត្រូវបានរាយការណ៍ថា បានរងរបួសដោយសារហេតុការណ៍នេះផងដែរ៕
ប្រភព៖ Khaosod និង Amarin TV




