Close

ថៃផ្អាកកិច្ចចរចាសន្តិភាពជាមួយក្រុមបះបោរភាគខាងត្បូងដោយមិនកំណត់ពេល ក្រោយការវាយប្រហារសម្លាប់ទាហាន ៥នាក់

ដោយ៖អែម លំអង | ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មានអន្តរជាតិ សង្គម

បាងកក៖ រដ្ឋាភិបាលថៃ បានសម្រេចផ្អាកកិច្ចចរចាសន្តិភាពជាមួយក្រុមបះបោរនៅភាគខាងត្បូង ដោយមិនកំណត់ពេល បន្ទាប់ពីអំពើហិង្សាដ៏ធ្ងន់ធ្ងរមួយនៅខេត្ត Narathiwat ដែលបានសម្លាប់កងកម្លាំងពាក់កណ្តាលយោធាថៃចំនួន ៥នាក់ និងបណ្តាលឱ្យជនស៊ីវិលជាច្រើននាក់រងរបួស។

ការសម្រេចនេះ មានន័យថា កិច្ចជំនួបដែលគ្រោងរៀបចំនៅប្រទេសម៉ាឡេស៊ី ក្នុងខែកញ្ញា ឆ្នាំ២០២៦ នឹងមិនប្រព្រឹត្តទៅតាមផែនការដែលបានកំណត់ទុកនោះទេ។ លោក Thanat Suwannanont ប្រធានក្រុមការងារចរចាសន្តិភាពតំបន់ព្រំដែនភាគខាងត្បូងថៃ និងជានាយកទីភ្នាក់ងារស៊ើបការណ៍ជាតិ បានបញ្ជាក់ថា ដំណើរការចរចាដំបូងឡើយមានការរីកចម្រើនល្អ ប៉ុន្តែការវាយប្រហារថ្មីបានធ្វើឱ្យដំណើរការនេះត្រូវរំខាន។

លោក Thanat បានលើកឡើងថា អំពើហិង្សាដែលកើតឡើងនៅពេលកំពុងដំណើរការចរចា គឺធ្ងន់ធ្ងរខ្លាំងពេកសម្រាប់រដ្ឋាភិបាលទទួលយក ហើយការចរចាត្រូវចាប់ផ្តើមពិចារណាឡើងវិញ មុននឹងអាចបន្តទៅមុខ។ រដ្ឋាភិបាលថៃក៏បានផ្ញើលិខិតទៅក្រុមបះបោរ ដើម្បីស្នើសុំការពន្យល់អំពីហេតុការណ៍វាយប្រហារនោះ ប៉ុន្តែគិតត្រឹមពេលនេះ មិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។

ហេតុការណ៍ដ៏ធ្ងន់ធ្ងរនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២២ ខែកក្កដា នៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយក្នុងស្រុក Ra-ngae ខេត្ត Narathiwat។ តាមរបាយការណ៍ ក្រុមជនប្រដាប់អាវុធបានបើកការបាញ់ប្រហារ និងប្រើគ្រាប់បែកប្រភេទបំពង់ទៅលើកម្លាំងសន្តិសុខ បណ្តាលឱ្យកងកម្លាំងពាក់កណ្តាលយោធា ៥នាក់ស្លាប់ និងជនស៊ីវិលយ៉ាងហោចណាស់ ៥-៦នាក់រងរបួស ក្នុងនោះមានកុមារអាយុ ១០ឆ្នាំម្នាក់។

ក្រោយការវាយប្រហារ អាជ្ញាធរថៃបានបង្កើនវិធានការសន្តិសុខនៅក្នុងខេត្ត Narathiwat ហើយបានប្រកាសដាក់ច្បាប់អាជ្ញាសឹកនៅទូទាំងខេត្ត ដើម្បីអនុញ្ញាតឱ្យកងកម្លាំងសន្តិសុខបង្កើនការត្រួតពិនិត្យ និងស្វែងរកជនសង្ស័យដែលពាក់ព័ន្ធ។ វិធានការដែលបានអនុវត្តរួមមាន ការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ ការត្រួតពិនិត្យយានយន្ត និងការស្វែងរកទីតាំងដែលសង្ស័យថាពាក់ព័ន្ធនឹងអំពើហិង្សា។

ការផ្អាកកិច្ចចរចានេះ កំពុងបង្កើនភាពមិនប្រាកដប្រជាចំពោះដំណើរការស្វែងរកសន្តិភាពនៅតំបន់ភាគខាងត្បូងថៃ ដែលមានជម្លោះបះបោរអូសបន្លាយជាច្រើនឆ្នាំ។ ទោះជាយ៉ាងណា ភាគីរដ្ឋាភិបាលថៃនៅតែបញ្ជាក់ថា ការចរចាគឺជាមធ្យោបាយមួយសម្រាប់ដោះស្រាយបញ្ហា ប៉ុន្តែការបន្តដំណើរការចរចានឹងត្រូវការពេលវេលា និងលក្ខខណ្ឌសមស្របជាងមុន។

សម្រាប់ពេលនេះ កាលបរិច្ឆេទថ្មីសម្រាប់ការចរចាមិនទាន់ត្រូវបានកំណត់ឡើងវិញនៅឡើយ ខណៈរដ្ឋាភិបាលថៃកំពុងរង់ចាំការឆ្លើយតបពីភាគីក្រុមបះបោរ និងវាយតម្លៃស្ថានការណ៍សន្តិសុខជាមុនសិន៕

អត្ថបទទាក់ទង