ឃាត់ខ្លួនបុរសម្នាក់ ក្រោយបន្លំខ្លួនជាជាងចូលរោងចក្រ លួចកាត់ខ្សែភ្លើងនៅស្រុកបសេដ្ឋ
ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីបន្លំខ្លួនធ្វើជាជាង ដើម្បីចូលទៅក្នុងអគាររោងចក្រមួយកន្លែង រួចធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង តែត្រូវបានជាងម្នាក់ទៀតប្រទះឃើញ និងឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៤៖៣០នាទី នៅចំណុចអគាររោងចក្រក្នុងសួនឧស្សាហកម្ម តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
យោងតាមការបញ្ជាក់ពីមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានឱ្យដឹងថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ បានចូលទៅក្នុងរោងចក្រខាងលើ ដោយបន្លំខ្លួនធ្វើជាជាង រួចចូលទៅក្នុងអគារស្នាក់នៅ ដើម្បីធ្វើសកម្មភាពកាត់ខ្សែភ្លើង។
ខណៈកំពុងធ្វើសកម្មភាព ជនសង្ស័យត្រូវបានជាងម្នាក់ប្រទះឃើញ ទើបព្យាយាមរត់គេចខ្លួនចេញមកខាងក្រៅ ប៉ុន្តែត្រូវបានឈ្មោះ ហៀក សុខហៀប ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរអ្នកបកប្រែភាសាចិន មានទីលំនៅភូមិផាន ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបាន រួចប្រគល់ជូនសមត្ថកិច្ច និងបានដាក់ពាក្យបណ្តឹងស្នើសុំឱ្យចាត់ការតាមផ្លូវច្បាប់។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ លេង សារិន ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិព្រៃផ្អេរ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
១. ម៉ូតូ ១គ្រឿង ម៉ាក Scoopy ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KJ-4590។
២. ទូរស័ព្ទដៃ ១គ្រឿង ម៉ាក Oppo ពណ៌ខៀវ។
៣. កាំបិតកែច្នៃ ១ដើម។
៤. ខ្សែភ្លើងប្រវែង ១៤ម៉ែត្រ។
៥. កន្ត្រៃកាត់ខ្សែភ្លើងចំនួន ២ដើម។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីសាកសួរ និងបន្តចាត់ការតាមនីតិវិធីច្បាប់៕




