ឡាវ បញ្ជូនជនជាតិថៃ ៤០នាក់ ពាក់ព័ន្ធបណ្តាញឆបោកអនឡាញ និងល្បែងស៊ីសង ត្រឡប់ទៅថៃវិញ ខណៈ ១០នាក់មានដីកាចាប់ខ្លួន
ឡាវ បញ្ជូនជនជាតិថៃ ៤០នាក់ ពាក់ព័ន្ធបណ្តាញឆបោកអនឡាញ និងល្បែងស៊ីសង ត្រឡប់ទៅថៃវិញ ខណៈ ១០នាក់មានដីកាចាប់ខ្លួន
ប្រទេសឡាវ៖ អាជ្ញាធរឡាវបានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងបណ្តាញល្បែងស៊ីសងខុសច្បាប់ ដោយចុងក្រោយនេះបានបញ្ជូនជនជាតិថៃចំនួន ៤០នាក់ ត្រឡប់ទៅប្រទេសថៃវិញ ក្រោយរកឃើញថា ពួកគេជាប់ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់នៅក្នុងប្រទេសឡាវ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Amarin TV នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ជនជាតិថៃទាំង ៤០នាក់ ដែលត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញនោះ រួមមានបុរសចំនួន ២៧នាក់ និងស្ត្រីចំនួន ១៣នាក់។ ការប្រគល់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង ១៤:០០នាទី ថ្ងៃទី២ ខែវិច្ឆិកា តាមច្រកអន្តរជាតិស្ពានមិត្តភាពទន្លេណាមហឿង ស្ថិតនៅភូមិ Ban Nakraseng ឃុំ Ah Hee ស្រុក Tha Li ខេត្ត Loei ប្រទេសថៃ។
តាមការបញ្ជាក់របស់អាជ្ញាធរខេត្តសាយ៉ាប៊ូរី (Xayaburi) ប្រទេសឡាវ ជនជាតិថៃទាំងនេះបានលួចឆ្លងដែនចូលប្រទេសឡាវដោយខុសច្បាប់ និងត្រូវបានសង្ស័យថា បានចូលរួមជាមួយបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ឬក្រុម Call Center ព្រមទាំងសកម្មភាពល្បែងស៊ីសងតាមអនឡាញ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺបន្ទាប់ពីទទួលបានជនជាតិថៃទាំង ៤០នាក់មកវិញ អាជ្ញាធរថៃបានត្រួតពិនិត្យប្រវត្តិ និងរកឃើញថា ក្នុងចំណោមពួកគេមានចំនួន ១០នាក់ ជាប់ពាក់ព័ន្ធនឹងដីកាចាប់ខ្លួនរបស់តុលាការថៃ ខណៈ ៣០នាក់ទៀតកំពុងស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យ និងស៊ើបអង្កេតបន្ថែម។
បច្ចុប្បន្ន ជនជាតិថៃទាំង ៤០នាក់ ត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលត្រួតពិនិត្យ និងចាត់ថ្នាក់នៅខេត្ត Loei ដើម្បីសាកសួរ ពិនិត្យប្រវត្តិ និងបែងចែករវាងអ្នកដែលអាចពាក់ព័ន្ធនឹងបទល្មើស និងអ្នកដែលអាចជាជនរងគ្រោះនៃការជួញដូរមនុស្ស មុននឹងចាត់ការតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ថា នេះមិនមែនជាករណីដំបូងឡើយដែលអាជ្ញាធរឡាវបញ្ជូនជនជាតិថៃពាក់ព័ន្ធនឹងបណ្តាញឆបោកតាមអនឡាញត្រឡប់ទៅប្រទេសកំណើតវិញ។ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឡាវក៏ធ្លាប់បញ្ជូនជនជាតិថៃចំនួន ៧៨នាក់ ត្រឡប់ទៅថៃវិញផងដែរ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត៕




