Close

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញជនជាតិវៀតណាម ២១នាក់ ចេញពីកម្ពុជា ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន និងស្នាក់នៅ-ធ្វើការខុសច្បាប់

ដោយ៖អែម លំអង | ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ បច្ចេកវិទ្យា ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ សង្គម

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិវៀតណាមចំនួន ២១នាក់ ក្នុងនោះស្រី៤នាក់ ចេញពីប្រទេសកម្ពុជា ក្រោយសមត្ថកិច្ចរកឃើញថា ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀន ការលួចស្នាក់នៅ និងការធ្វើការងារខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។

ការបណ្ដេញចេញនេះ ត្រូវបានអនុវត្តនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ ក្រោមការណែនាំរបស់លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

បើយោងតាមព័ត៌មានដែលបានចេញផ្សាយ ដោយផេកផ្លូវការរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអោយដឹងថា ជនជាតិវៀតណាមទាំង២១នាក់ ត្រូវបានសមត្ថកិច្ចរកឃើញថា បានប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ព្រមទាំងលួចស្នាក់នៅ និងប្រកបការងារដោយគ្មានការអនុញ្ញាតត្រឹមត្រូវក្នុងប្រទេសកម្ពុជា។

ការបណ្ដេញជនបរទេសដែលប្រព្រឹត្តខុសច្បាប់នេះ ត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់សកម្មភាពឧក្រិដ្ឋកម្មដែលអាចបង្កផលប៉ះពាល់ដល់សង្គម។

ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា កំពុងបន្តពង្រឹងការងារស្រាវជ្រាវ បង្ក្រាប និងបណ្ដេញជនបរទេសដែលប្រព្រឹត្តបទល្មើស ឬស្នាក់នៅ និងធ្វើការដោយខុសច្បាប់នៅកម្ពុជា ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។

សមត្ថកិច្ចក៏បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវរកមេខ្លោង និងជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោត ឬបង្ខំឱ្យចូលរួមក្នុងសកម្មភាពខុសច្បាប់ ដើម្បីឱ្យពួកគេអាចទទួលបានសេរីភាព និងវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញដោយសុវត្ថិភាព៕

អត្ថបទទាក់ទង