សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងរៀបចំដែនដី សហការជាមួយពន្ធដារ ពន្លឿនការដោះស្រាយការកកស្ទះការចេញបណ្ណកម្មសិទ្ធិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងរៀបចំដែនដី សហការជាមួយពន្ធដារ ពន្លឿនការដោះស្រាយការកកស្ទះការចេញបណ្ណកម្មសិទ្ធិ
កណ្តាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពន្លឿនការដោះស្រាយបញ្ហាកកស្ទះក្នុងដំណើរការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្មសិទ្ធិដីធ្លីស្របច្បាប់ គឺជាមូលដ្ឋានដ៏សំខាន់នៃជីវិតរបស់ប្រជាពលរដ្ឋ មិនមែនគ្រាន់តែជាទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានសម្រាប់លំនៅឋាន អាជីវកម្ម ការវិនិយោគ និងជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ។
សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២៣,០៦៧ បណ្ណ នៅឃុំជ័យធំ ឃុំរកាជន្លឹង និងឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។
សម្តេចធិបតីបានបញ្ជាក់ថា ការបញ្ចប់ការវាស់វែងដីធ្លី និងការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលមានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តកណ្តាល គឺជាជំហានសំខាន់ក្នុងការកាត់បន្ថយភាពមិនច្បាស់លាស់ និងហានិភ័យនៃវិវាទដីធ្លី។
ជាមួយគ្នានេះ សម្តេចធិបតីបានណែនាំឱ្យស្ថាប័នពាក់ព័ន្ធបន្តសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសការកកស្ទះក្នុងដំណើរការចេញបណ្ណកម្មសិទ្ធិ ដើម្បីធានាថាប្រជាពលរដ្ឋអាចទទួលបានឯកសារបញ្ជាក់កម្មសិទ្ធិរបស់ខ្លួនបានឆាប់រហ័ស និងស្របតាមនីតិវិធី។
ការផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ក៏ជាផ្នែកមួយនៃការពង្រឹងសុវត្ថិភាពកម្មសិទ្ធិ កាត់បន្ថយវិវាទ និងបង្កើនភាពច្បាស់លាស់ក្នុងការប្រើប្រាស់ និងអភិវឌ្ឍដីធ្លីនៅកម្ពុជា៕



