រញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ វាយប្រហារជប៉ុន៖ មនុស្សជាច្រើននាក់ជាប់ក្រោមគំនរអគារ ខណៈក្រុមសង្គ្រោះកំពុងរុករក
ជប៉ុន៖ ក្រុមសង្គ្រោះជប៉ុន កំពុងបន្តប្រតិបត្តិការរុករក និងជួយសង្គ្រោះមនុស្សជាច្រើននាក់ ដែលត្រូវបានរាយការណ៍ថា ជាប់នៅក្រោមគំនរអគារ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ បានវាយប្រហារតំបន់កោះ Kyushu កាលពីរសៀលថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦។
គ្រោះរញ្ជួយដីនេះ ត្រូវបានរាយការណ៍ថា មានកម្រិត ៦.៨រ៉ិចទ័រ ខណៈការវាស់វែងដំបូងបានបង្ហាញកម្រិតរហូតដល់ ៧.១រ៉ិចទ័រ។ ដោយសាររញ្ជួយដីមានជម្រៅរាក់ប្រមាណ ១០គីឡូម៉ែត្រ ឥទ្ធិពលនៃការរញ្ជួយត្រូវបានគេចាត់ទុកថាខ្លាំង ហើយអាជ្ញាធរបានចេញការព្រមានពាក់ព័ន្ធនឹងរលកយក្សស៊ូណាមិផងដែរ។
តាមសេចក្តីរាយការណ៍បឋម គ្រោះធម្មជាតិនេះបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២នាក់បាត់បង់ជីវិត និងបង្កការខូចខាតដល់សំណង់សាធារណៈ និងអគារជាច្រើន រួមមានស្ពាន ផ្សារទំនើប និងសំណង់ផ្សេងៗ។
នៅតំបន់ Kumamoto គ្រោះរញ្ជួយដីបានប៉ះពាល់ដល់ផ្សារទំនើប Aeon ខណៈមានមនុស្សជាច្រើនកំពុងស្ថិតនៅខាងក្នុង។ សេចក្តីរាយការណ៍បានឱ្យដឹងថា មានសំឡេងផ្ទុះ និងផ្សែងហ៊ុយចេញពីក្នុងផ្សារ ខណៈផ្នែកមួយនៃជាន់ទី២បានបាក់ បណ្តាលឱ្យមានមនុស្សរងគ្រោះ និងជាប់នៅខាងក្នុង។
តាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK ប៉ូលិសបានឱ្យដឹងថា បុគ្គលិកផ្សារប្រមាណ ២០ទៅ៣០នាក់ ត្រូវបានរាយការណ៍ថាបាត់ខ្លួន ហើយក្រុមសង្គ្រោះកំពុងបន្តស្វែងរក។
នៅទីក្រុង Yatsushiro មនុស្សជាច្រើននាក់ក៏ត្រូវបានរាយការណ៍ថា មិនទាន់អាចទាក់ទងបានផងដែរ បន្ទាប់ពីបំពង់បង្ហុយផ្សែងនៅរោងចក្រក្រដាសរបស់ក្រុមហ៊ុន Nippon Paper Industries បានបាក់រលំ។
ជាមួយគ្នានេះ អាកាសយានដ្ឋាន Tokyo Haneda ក៏បានជូនដំណឹងអំពីការពន្យារពេលជើងហោះហើរមួយចំនួន ដោយរង់ចាំការវាយតម្លៃស្ថានភាព និងព័ត៌មានបន្ថែមពីអាជ្ញាធរ។
ជប៉ុន គឺជាប្រទេសមួយដែលងាយរងគ្រោះដោយគ្រោះរញ្ជួយដី ដោយសារទីតាំងភូមិសាស្ត្ររបស់ប្រទេសស្ថិតនៅជិតតំបន់ប្រសព្វនៃផ្លាកតិចតូនិចធំៗចំនួន៤។
ក្នុងប្រវត្តិសាស្ត្រជប៉ុន គ្រោះរញ្ជួយដី Great Kanto កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩២៣ ត្រូវបានចាត់ទុកថាជាគ្រោះរញ្ជួយដីមួយក្នុងចំណោមគ្រោះមហន្តរាយដែលបណ្តាលឱ្យមានអ្នកស្លាប់ច្រើនបំផុត ដោយបានផ្តាច់ជីវិតមនុស្សជាង ១៤០,០០០នាក់ និងបំផ្លាញទីក្រុង Tokyo និង Yokohama យ៉ាងធ្ងន់ធ្ងរ៕





